Preserving & Enhancing Khmer Values and Pride...

វចនានុក្រមខ្មែរ
អត្ថន័យរបស់ពាក្យ​ មានប្រើប្រាស់នៅក្នុងអត្ថន័យ

ប្រវត្តិកំណាព្យខ្មែរ

ប្រវត្តិកំណាព្យខ្មែរ


បើ យើងពឹងផ្អែកលើបទភ្លេង និងទំនុកច្រៀងនៃវង់ភ្លេងអារក្សដែលក្រុមអ្នកស្រាវជ្រាវ តន្រ្តីខ្មែរយល់ថា ជាវង់ភ្លេងខ្សែដែលកើតមុនគេ ដូចគ្នានឹងគ្រឿង “ដំគងកាប់ក្របីរបស់បងប្អូនជនជាតិ” ដែរនោះ ជាតន្ត្រីសម្រាប់បម្រើពិធីផ្សេងៗ ៖ បូជាអារក្សអ្នកតា ដែលជាជំនឿរបស់ខ្មែរដើម ហើយដែលកើតមានតាំងពីមុនសម័យព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតចូលមកកម្ពុជា “៣០៩ឆ្នាំ មុនគ.ស” នេះ….

ម្យ៉ាងទៀត បើយើងពឹងផ្អែកលើទំនុកច្រៀង បទភ្លេងនៃវង់ភ្លេងប្រពៃណី(ភ្លេងការ) ដែលក្រុមអ្នកស្រាវជ្រាវយល់ថាកើតមានតាំងពីសតវត្សរ៍ទី១ នៃគ្រឹស្តសករាជ គឺក្នុងពេលដែលរៀបអាពាហ៍ពិពាហ៍ មង្គលការ ព្រះថោងនិងនាងនាគ (ហ៊ុនទៀន និងនាងលីវយី ឬព្រះនាងសោមាកូនព្រះច័ន្ទ្រ)ហើយដែលមានបទមួយចំនួនទាក់ទងនឹងប្រវត្តិសាស្រ្ត ដូចជា បទព្រះថោងនាងនាគ នាគព័ន្ធ ជាដើម យើងឃើញថាកំណាព្យខ្មែរដែលកើតមានមុនគេ គឺបទមេបួន ដែលក្នុងមួយល្បះខណ្ឌមាន ៤ឃ្លា និងក្នុងមួយឃ្លាមាន ៤ព្យាង្គ ស្មើគ្នា។

រហូត មកដល់ចុងសតវត្សទី៦ ដើមសម័យចេនឡា ទើបយើងឃើញមាន៤ទម្រង់កំណាព្យមួយបទទៀត កើតឡើង ៖ ឈ្មោះបទបថ្យាវត្ត គឺក្នុង១ល្បះមាន៤ឃ្លា និងក្នុង១ឃ្លាមាន៨ព្យាង្គ… ប៉ុន្តែការចាប់ចុងចួន មិនដូចបទកាព្យ៨ ដែលកើតសម័យក្រោយទេ។

នៅក្នុងរឿងរាមកេរ្តិ៍ ពីខ្សែ១ ដល់ខ្សែ១០ ដែលកើតមាននៅសម័យអង្គរ គេឃើញមានទម្រង់កំណាព្យ ៥បទទៀត កើតឡើងគឺ ៖
- បទកាកគតិៈ ដែលក្នុង១ល្បះខណ្ឌ មាន៧ឃ្លា និងក្នុង១ឃ្លាមាន៤ព្យាង្គស្មើគ្នា។
- បទព្រហ្មគីតិៈ ១ល្បះមាន៤ឃ្លា – ឃ្លាទី១មាន៥ព្យាង្គ ឃ្លាទី២មាន៦ព្យាង្គ ឃ្លាទី៣មាន៥ព្យាង្គ និងឃ្លាទី៤មាន៦ព្យាង្គ។
- បទពំនោលៈ ១ល្បះមាន២ឃ្លា – ឃ្លាទី១មាន៦ព្យាង្គ ឃ្លាទី២មាន៤ព្យាង្គ និងឃ្លាទី៣មាន៦ព្យាង្គ។
- បទបន្ទោលកាកៈ ១ល្បះមាន៤ឃ្លា – ឃ្លាទី១មាន៤ព្យាង្គ ឃ្លាទី២មាន៦ព្យាង្គ ឃ្លាទី៣មាន៤ព្យាង្គ ឃ្លាទី៤មាន៦ព្យាង្គ។
- បទភុជង្គលីលាៈ ១ល្បះមាន៣ឃ្លា – ឃ្លាទី១មាន៦ព្យាង្គ ឃ្លាទី២និងទី៣មាន៤ព្យាង្គ។

ទម្រង់ កំណាព្យទាំង៥ខាងលើ មានតាំងពីសម័យអង្គរមកម្ល៉េះ ប៉ុន្តែគេពុំទាន់ឃើញប្រើឈ្មោះនៅឡើយ។ រហូតមកដល់សតវត្សទី១៥ ឆ្នាំ១៤៩៨ ក្នុងល្បើកអង្គរវត្ត-អ្នកប៉ាង ទើបកំណាព្យដដែលនេះមានប្រើឈ្មោះជា កាកគតិ ព្រល្មគីតិពំនោល បន្ទោលកាក និងភុជង្គលីលា។

នៅ ក្នុងរឿងរាមកេរ្តិ៍ ពីខ្សែ៧៥ ដល់៨០ ដែលជាស្នាដៃបន្ត ហើយដែលអ្នកស្រាវជ្រាវអក្សរសាស្ត្រជាតិយល់ថាជាស្នាដៃកើតក្រោយ សម័យអង្គរ ឬក៏ក្រោយពេលជ្រួលច្របល់ចលាចល ព្រោះសៀមលុកលុយក្រុងអង្គរនោះ គេឃើញមានកំណាព្យថ្មីមួយទៀត គឺបទពាក្យ៦ ដែលក្នុង១ល្បះមាន៤ឃ្លាក្នុង១ឃ្លាមាន៦ព្យាង្គស្មើគ្នា។

មក ដល់សម័យចតុមុខ ចាប់ពីពេលដែលព្រះចៅពញាយ៉ាតប្តូររាជធានីពីអង្គរមកតាំងនៅ ស្រីសន្ធរ រួចមកភ្នំពេញ និងការផ្លាស់ប្តូរទីក្រុងចុះឡើង ពីភ្នំពេញទៅលង្វែក ពីលង្វែកទៅឧត្តុង្គ និងកន្លែងដទៃជាច្រើនទៀត រហូតដល់សម័យនរោត្តមប្តូរទីក្រុងពីឧត្តុង្គមកភ្នំពេញ… ដល់សព្វថ្ងៃនេះ គេឃើញមានកំណាព្យជាច្រើនទៀតបានកើតឡើង។

- បទពាក្យ៧ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៧ព្យាង្គ
- បទពាក្យ៨៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៨ព្យាង្គ
- បទពាក្យ៩៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ
- បទពាក្យ១០៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១០ព្យាង្គ
- បទពាក្យ១១៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១១ព្យាង្គ


ហើយ មានបទជាច្រើនទៀតដែលជារបៀបសរសេរបំភ្លៃចេញពីបទទាំងឡាយខាង ក្រោយនេះ ដូចជា ៖ បទនមោ បទកខ បទអក្សរលូនបទអក្សរសង្វាស បទកង្កែបលោតកណ្តាលស្រះ បទកង្កែបលោតលើគោក បទកង្កែបលោតស្លាក់ពេជ្រ បទកង្កែបលោតផ្ទាត់ខ្ចៅ បទនាគបរិព័ទ្ធ បទនាគគៀវក្រវាត់ បទនាគរាជប្លែងឫទ្ធ បទគោព័ទ្ធស្នឹង បទសឹង្ហតោលេងកន្ទុយ បទរមាំងដើរព្រៃ បទផ្កាឈូករីក បទក្របចក្រវាឡ បទម្ករខ្ជាក់កែវ បទឆ័ត្របីដាន បទរលកយោលយាវ បទរលកខ្ទប់ច្រាំង បទសហរា បទវិវិធមាលី បទពស់លេបកន្ទុយ បទថយក្រោយចូលព្រែក បទសត្វកាងស្លាប បទរមាំងបើកបាស បទទន្សាយទីសទាស បទមាន់ទឹកបណ្តើរកូន បទសរថីទាញរថ បទអើយរ៉ា បទត្រឡាចឡើងទ្រើង បទសុក្រទិនវិសាល បទសោរទិនវិសាល បទយត្តិភ័ង្គ បទសបាត់សប៉ឹង បទជាប់ទង បទត្រីពិធព័ន្ធ បទសឡាបលូន បទវង្សវិចិត្រ និងព្រះចន្ទ្របាំងឆ័ត្រ។
 

ទំនាក់ទំនងរវាងកំណាព្យ និងទម្រង់សិល្បៈដទៃទៀត

បើ យើងសង្កេតមើលស្នាដៃផ្នែកអក្សរសាស្ត្រ ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកដល់យើងសព្វថ្ងៃនេះ យើងនឹងឃើញភ្លាមថាភាគច្រើនសុទ្ធតែជាកំណាព្យកាព្យឃ្លោង ដូចជារឿងរាមកេរ្តិ៍ ទុំទាវ ទិព្វសង្វារ កាកី ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់កេរ្តិ៍កាល ច្បាប់ក្រម ល្បើកជុចនិងត្រី (។ល។និង។ល។) នេះជាសក្ខីភាពបញ្ជាក់អំពីវិធីសាស្ត្រអប់រំបែបបុរាណរបស់ដូនតាយើង ដែលយករូបភាពកំណាព្យ “ពិរោះត្រចៀក” ជាមធ្យោបាយ ដើម្បីងាយស្រួលបញ្ចូលខ្លឹមសារនៃការអប់រំទូន្មានទាំងឡាយ ដែលលោកចង់បាន ឲ្យទៅដក់ជាប់ចាំជាប់ក្នុងសតិអារម្មណ៍របស់កុលបុត្រកុលធីតារបស់ ខ្លួន។

នៅ ក្នុងសង្គមកម្ពុជាយើង កំណាព្យមានឥទ្ធិពលធំណាស់។ ក្រៅពីការរស់នៅនិងបំពេញតួនាទីដោយឯកឯង(ស្មូត្រ ឬសូត្រកំណាព្យ) កំណាព្យបានជះឥទ្ធិពល និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងទម្រង់សិល្បៈដទៃ ទៀតរបស់ខ្មែរយើង ដូចជាៈ ភ្លេងអារក្ស ភ្លេងប្រពៃណី”ភ្លេងការ” របាំប្រពៃណី របាំបុរាណ ល្ខោនស្រមោល(ស្បែកធំ-ស្បែកតូច) ល្ខោនខោល(ល្ខោនពាក់មុខ) យីកេអាប៉េ ល្ខោនមហោរី ល្ខោនបាសាក់ អាយ៉ៃ ចាប៉ី(។ល។និង។ល។)។
ទម្រង់សិល្បៈទាំងអស់នេះ ត្រូវការកំណាព្យជាចាំបាច់ សម្រាប់ជួយកម្រិតទម្រង់ ជួយលើកសម្ផស្ស និងសោភ័ណរបស់ខ្លួន។
ចំពោះ អ្នកសិក្សាទម្រង់សិល្បៈខ្មែរវិញ កំណាព្យក៏ជាកត្តាមួយសំខាន់ក្នុងកត្តាច្រើនទៀត ដែលជួយបញ្ជាក់អំពីចំណាស់ និងទម្រង់សិល្បៈនីមួយៗ។ផ្ទុយទៅវិញទម្រង់សិល្បៈដទៃទៀតក៏បានជះឥទ្ធិពលធំធេងដែរ សម្រាប់បញ្ជាក់អំពីចំណាស់នៃកំណាព្យនីមួយៗរបស់យើង។ ដូច្នេះបើចង់សិក្សាកំណាព្យខ្មែរ គួរសិក្សាពីទម្រង់សិល្បៈខ្មែរដទៃទៀតផង ហើយបើចង់សិក្សាពីទម្រង់សិល្បៈដទៃទៀត ក៏មិនអាចបោះបង់ចោលកំណាព្យបានដែរ។
 

——————————————————————————-
អត្ថបទដកស្រង់ចេញពីសៀវភៅ “សិល្បៈតែងកំណាព្យ” និពន្ធដោយ ពេជ្រ ទុំក្រវ៉ិល, ភ្នំពេញ ២០០២។

 

Share:  Add to Facebook Tweet This Add to Delicious Submit to Digg Stumble This

2008-2016 © Smaradey Khmer

Disclaimer: All contents of this website are for educational and referencing purposes. Some photos and videos may be taken from elsewhere. If you are the respective owner and would like to receive credit for your works, or have your works removed, please contact our admin: kumnett@gmail.com