Preserving & Enhancing Khmer Values and Pride...

វចនានុក្រមខ្មែរ
អត្ថន័យរបស់ពាក្យ​ មានប្រើប្រាស់នៅក្នុងអត្ថន័យ

ច្បាប់កូនចៅ(ល្បើក)

ច្បាប់កូនចៅ(ល្បើក)

បទព្រហ្មគិតិ

១/ឨកូនស្ងូនតែមួយ ទុកជាត្រួយត្រួលគំនិត
កូនអើយមាសតាំងចិត្ត​​​​​​​​​​​​​​​ តាំងចរិតគិតឨយឆ្ងល់។

ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលពុំយល់
ទោសគេតូចសោតសល់ រមិលយល់ប៉ុនទាំងភ្នំ។

ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ
ដល់បានស្ករទឹកឃ្មុំ ពួនក្នុងផ្ទះស៊ីម្នាក់ឯង។

បានហើយចង់បានទៀត ខំឆ្លៀតបៀតមិនគិតក្រែង
មើយយល់តែម្នាក់ឯង មិនយល់គេឯងទៀតផង។

៥/នឹងស៊ីចង់ពិសា ខ្ជិលទំពារឨយម៉ត់ហ្មង
យល់នាមថាជាបង យល់ឯងផងថាជាក្មួយ។

យល់តាថាជាដូន យល់ឯកូនថាជាក្មូយ
យល់ពីថាជាមួយ យល់ឯព្រួយថាជាសុខ។

យល់ទោសថាជាគុណ​ យល់ឯបុណ្យថាជានរក
យល់ល្អថាជាអាក្រក់ យល់លាកថាជាផ្កា។

ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា
យល់សេះថាជាលា យល់គថាជាកណ្តុរ​។

នេះពាក្យលោកពីព្រេង អ្នកណាឈ្វេងប្រាជ្ញាយល់
ឃើញថ្លុកកុំថាថ្នល់ ក្រែងកំហលកំហុសមាន។

១០/អ្នកប្រាជ្ញាកាន់ពាក្យទៀង កុំឨយល្អៀងពាក្យបុរាណ
កុំដើរផ្លូវបំពាន ពាក្យអ្នកចាស់លោកដៀលថា។

ពាក្យនេះពីព្រេងព្រឹទ្ធ គួរឨយគិតពិចារណា
កុំអួតអាងអាត្មា ថាចំណេះចំណាំមាន។

ដេកយប់កុំដេកថ្ងូរ ខ្លាចក្តីទូជ៌នដល់ប្រាណ
បើស៊ីកុំតាមឃ្លាន គិតប្រមាណគ្រប់គ្នីគ្នា។

លើកដាក់តាមកំលាំង កុំភើចខ្លាំងឈឺដល់ស្មា
ប្រើគេប្រើឨយជា កុំសសន់រាន់សៅដៅ។

ទោះដើរកុំរួសរាន់ គិតឨយគ្រាន់សឹមដើរទៅ
កុំឨយអាប់អាស្រូវ កើតដំនៀលដល់អាត្មា។

១៥/កុំយល់ឆ្អិនជាឆៅ កិច្ចក្នុងក្រៅមានតម្រា
កុំអាងតែប្រាជ្ញា ចោលក្បូនច្បាប់លោកព្រងនាយ។

ស្រដីឨយស្រួចស្រេច គិតសេចគ្រេចកុំគិតងាយ
រំពឹងឨយវែងឆ្ងាយ យល់លង្វែកសព្វនានា។

ពាក្យព្រេងលោកស្រដី ថាកុំបីចិញ្ចឹមខ្លា
ពាក្យព្រេងលោកឧបមា គិតត្រង់ណាធ្វើឨយបាន។

កាន់កពស់ឨយខ្ជាប់ ខ្លាចក្រឡាប់ខាំឯប្រាណ
អូសទូកកុំឨយល្អាន ទឹកថ្លាលោតកុំឨយល្អក់។

ស្លឹកឈើឥតកំរើក បើកក្រើកត្បិតខ្យល់បក់
ទឹកថ្លាល្គឹកបើល្អក់ ត្បិតរលកខ្លាំងសោះសា​​​​​​​​​។

២០/យល់តូចកុំអាលខំ ​​ គួរសន្សំយកជាគ្នា
បានច្រើនកុំអាលពារ សន្សឹមតិចៗរៀងទៅ។

អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ
អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅនូវសំប៉ាន។

អ្នកខ្ពស់រក្សាទាប ដោយសភាពធម៌បុរាណ
អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ។

រក្សាទៅមុខវឹង ឥតកំដឹងអស់អម្បាល
ចំណេរចេរកាន់កាល ដូចរបងស្រាស់បន្លា។

កុំឆីឆ្អែតតែឯង មិនគិតក្រែងអស់គ្នីគ្នា
គេឃ្លានក្នុងផ្ទៃផ្សា ឨយឆីរ៉ាបានឆ្អែតផង។

២៥/កុំមានចិត្តលលើ ពឹងក្រពើឨយចំលង
កុំកាច់អុសរបង វាំងចំណារឯអាត្មា។

មានទូកឨយមានថ្នោល មានបង្គោលមានយុថ្កា
ទាំងពួងទាំងច្រវា ជើងចែវណាឨយសព្វគ្រប់។

ប្រយ័ត្នក្រែងព្យុះខ្យល់ បក់បោកដល់នឹងទល់ទប់
ប្រយ័ត្នប្រយោជន៍គ្រប់ ទើបហៅជាក់ជាគំនិត។

ពាក្យព្រេងគិតគួរចាំ ជាបណ្តាំបណ្តៅចិត្ត
ពាក្យព្រេងគួរឨយគិត គិតរំពឹងឨយគ្រប់គ្រាន់។

ពាក្យនេះជាសណ្តាប់ ទុកជាច្បាប់ទៀងជាក់ស្បាន់
ពាក្យនេះជាកំណាន់ កំនត់នៅឥតឃ្លាតឃ្លា។

៣០/តែងតពាក្យទៅទៀង កុំបៀនបៀតអ្នកព្រឹទ្ធា
កុំសង់ផ្ទះបៀតធ្លា ស្រីសាធារណ៍បពុំគង់ទ្រព្យ។

ស្រីស្រាលខ្លៅប្រច័ណ្ឌ ស្តីជញ្ជាន់ថាពុំគាប់
ពាក្យនេះឥតគេរាប់ ពាលរែងស្អប់ពាក្យមេបា។

ប្រឡែងរែងច្រើនឈ្លោះ ពាក្យទ្រគោះច្រើនគេថា
កំណាញ់កើតនិន្ទា នឹងសាធារណ៍ពុំគង់ទ្រព្យ។

កូនកាចរែងចាញ់ម្តាយ ពាក្យពាយងាយគេរែងស្អប់
ខ្ចីទ្រព្យគេកញ្ចប់ រកគេទៀតគេថាគ្មាន។

អ្នកទាបរែងស្អប់ខ្ពស់ ត្បិតពឹងយសគេពុំបាន
អ្នកខ្សត់ស្អប់អ្នកមាន ត្បិតពុំបានឨយពឹងទ្រព្យ។

អ្នកខ្លៅរែងស្អប់ចេះ ត្បិតតំរេះគិតគំនាប់
អ្នកខុសរែងស្អប់គាប់ ត្បិតគេរាប់តែអ្នកត្រូវ។

ពាក្យនេះអស់ម្ល៉េះហើយ កូនចៅអើយយកទុកទៅ
គ្រាន់បានប្រៀនប្រដៅ តកូនចៅផៅសន្តាន។

ពាក្យនេះស្មើខ្លួនហើយ កូនចៅអើយចូរចាំប្រាណ
អស់អាថ៌ឨវាទទាន ជាសូររេចម្ល៉េះឯងហោង។

 

Share:  Add to Facebook Tweet This Add to Delicious Submit to Digg Stumble This

2008-2016 © Smaradey Khmer

Disclaimer: All contents of this website are for educational and referencing purposes. Some photos and videos may be taken from elsewhere. If you are the respective owner and would like to receive credit for your works, or have your works removed, please contact our admin: kumnett@gmail.com