Preserving & Enhancing Khmer Values and Pride...

វចនានុក្រមខ្មែរ
អត្ថន័យរបស់ពាក្យ​ មានប្រើប្រាស់នៅក្នុងអត្ថន័យ

ភាពរីកដុះដាលនៃជីវិត

តើអ្វីទៅជាភាពរីកដុះដាលនៃជីវិត?

មែនហើយជិវីតគឺជាការរីកដុះដាល បើគ្មានការដុះដាល ជីវិតនឹងហោចទៅវិញ។ យើងសុំវិភាគត្រឹមកូនរុក្ខជាតិតូច ជាឧទាហរណ៍។ ពេលកូនរុក្ខជាតិពន្លូតខ្លួន លាស់ត្រូយ បន្ថែមស្លឹក បញ្ចេញផ្លែផ្កា នោះមានន័យថា កូនរុក្ខជាតិកំពុងមានជីវិត ហើយជីវិតកំពុងរីកដុះដាល។ ប៉ុន្តែ បើកូនរុក្ខជាតិនោះ មិន បញ្ចេញស្លឹក មិនបញ្ចេញផ្កាផ្លែទេ មិនយូរប៉ុន្មាន កូនរុក្ខជាតិ នោះ នឹងហោចជីវិតទៅវិញ។ ហើយបើរុក្ខជាតិ នោះ ហោចទៅវិញ តើរុក្ខជាតិនោះ នឹងបន្តពូជ តាមណា កាលបើ គ្មានផ្លែគ្មានផ្កា គ្មានគ្រប់ពូជ គ្មានមែកសាក សម្រាប់បន្ត ភាពរីកដុះដាលនៃជីវិត?

បែរមកមនុស្សវិញ យើងត្រូវការភាពរីកដុះដាលច្រើនយ៉ាង ខុសពីសត្វនិងរុក្ខជាតិ មានដូចជា៖
១- ការរីកដុះដាលរូបកាយ
២- ការរីកដុះដាលខាងចិត្ត អារម្មណ៍
៣- ការរីកដុះដាលខាងគំនិតនិងប្រាជ្ញា
៤- ការរីកដុះដាលខាងចំណេះវិជ្ជា
៥- ការរីកដុះដាលខាងគុណធម៌ វិន័យ និងច្បាប់

១-ការរីកដុះដាលខាងផ្លូវកាយ៖ គឺការថែធួនជីវិតអោយ លូតលាស់ ពីទារក ទៅកុមារ ដល់ពេញវ៍យ រហូតចាស់ជរា គឺមានការវិវត្តន៌ ផ្លាស់ប្តូរ ទៅមុខ រួមទាំង ការបន្តពូជផង។ នៅទីនេះយើងត្រូវ យល់អំពី ការរក្សាសុខភាព និងជម្ងឺ ដែលនាំអោយ រូបកាយ ផ្លាស់ប្តូរ ទៅរកការរីកដុះដាល នៃជីវិត ជាបន្តទៅទៀត។

២-ការរីកដុះដាលខាងចិត្តនិងអារម្មណ៍៖ គឺយើងបណ្តុះសេចក្តី ស្រឡាញ់ ភ្ជាប់ចំណងគ្រួសារ ចំណងញាតិមិត្ត ជាមួយនឹង ខ្លួនយើង។ សេចក្តីស្រឡាញ់កាន់តែជិតស្និទ្ធ សង្គមគ្រួសារ ញាតិមិត្ត នឹងរីកដុះដាល ធំឡើងៗ។ ពេលសេចក្តីស្រឡាញ់ ស្រកស្រុត រង្វង់គ្រួសារ រង្វង់ញាតិមិត្ត រង្វង់សង្គម ក៏ថមថយ ចំនួន ទៅតាមនោះដែរ។

៣- ការរីកដុះដាលខាងគំនិតនិងប្រាជ្ញា៖ គឺដូចជាក្មេងដែល រៀនស្គាល់ មនុស្សជុំវិញខ្លួន ស្គាល់សុខនិងទុក្ខ ស្គាល់ វិធីដោះស្រាយបញ្ហា សម្រាប់សម្រាល សេចក្តីត្រូវការ ដូចជា ការហ្វឹកហ្វឹន រៀនរែកទឹក ស្រោចដំណាំ រៀនភ្ជួររាស់ រៀនជិះកង់ រឿនហ្វឹកហ្វឹន ការងារចិញ្ចឹមជីវិត ដើម្បីជួយ អោយជីវិត រីកដុះដាល បន្តទៅទៀត។ល។ មនុស្សដែលមាន គំនិតនិងប្រាជ្ញា រីកដុះដាល មិនសូវប្រទះ ភាពទាល់ច្រក ក្នុងជីវិតឡើយ។

៤-ការរីកដុះដាលខាងវិជ្ជា៖ ជាទូទៅ វិជ្ជាតែងនាំ មនុស្ស អោយ ភ្លឺស្វាង មានប្រាជ្ញា ជាងមុន ហើយអាចរកមធ្យោបាយ ដោះស្រាយសេចក្តីត្រូវការក្នុងជីវិត បានងាយជាងមុន ហើយប្រសើរ ជាងមុន។ សង្គមដែលខ្វះ ភាពរីកដុះដាលខាង វិជ្ជា ច្រើនជាសង្គមដែលលង់ក្នុងភាពក្រីក្រ អត្តខាត់ ។ វិជ្ជាកាន់តែ ប្រសើរ សង្គមជីវិតក៏មាន ភាពរីកដុះដាល ប្រសើរឡើង ជាងមុនដែរ។

៥-ការរីកដុះដាលខាង គុណធម៌ វិន័យ និងច្បាប់៖ សង្គមជីវិត ត្រូវការវិន័យ គុណធម៌ និងច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់។ ខ្វះ សណ្តាប់ធ្នាប់ ជីវិតមនុស្សនឹងវង្វេង រកផ្លូវរីកដុះដាល សមរម្យ ប្រសើរ មិនឃើញឡើយ។ ឪពុកម្តាយដែលគ្មានគុណធម៌ គ្មាន វិន័យ មិនអាចអប់រំកូន អោយប្រសើរបានឡើយ។ សង្គមដែល ខ្វះគុណធម៌ ខ្វះច្បាប់ដែលមានយុត្តិធម៌ តែងពុំសូវបានយល់ ភាពរីកដុះដាលនៃជីវិត បានពេញលេញដែរ។

~ អ្នកស្រី កែវ ច័ន្ទបូរណ៍ ~

Share:  Add to Facebook Tweet This Add to Delicious Submit to Digg Stumble This

2008-2016 © Smaradey Khmer

Disclaimer: All contents of this website are for educational and referencing purposes. Some photos and videos may be taken from elsewhere. If you are the respective owner and would like to receive credit for your works, or have your works removed, please contact our admin: kumnett@gmail.com