Preserving & Enhancing Khmer Values and Pride...

វចនានុក្រមខ្មែរ
អត្ថន័យរបស់ពាក្យ​ មានប្រើប្រាស់នៅក្នុងអត្ថន័យ

សួង អរុណ ដេវិដ


Photo Source: Cambodia.org

ចិត្តម្តាយដូចផ្កាឈូក

ឱផ្កាឈូកអើយសែនសោភា  ជនផងគ្រប់គ្នាយកទៅវត្ដ
បូជាព្រះពុទ្ធព្រះត្រៃរត្នន៍       ថ្លៃបរិសុទ្ធផុតលោកា។
កាលឈូកទើបពកពន្លកខ្ចី   ប្រឹងទម្លុះដីបាតជលសា
ទាំងពុំទាន់ឃើញសូរិយា         ឧបសគ្គនានាតែងបៀនបៀត។
ណាព្រួយដើមទងក៏នៅខ្លី      ណាមច្ឆាត្រីច្បិចឆីទៀត
ណាប្រឹងប្រជែងវារីជាតិ         ណាខំប្រជ្រៀតបាតជលសៃយ្យ។
លុះដើមទងវែងជ្រែងផុតទឹក  រលកសនឹ្ធកមិនសំចៃ
បោករសាត់ប៉ើងទងសឹ្លកថ្មី    ជួនប៊ិសនឹងក្ស័យមុនផ្លែផ្កា។
ផ្កាឈូកដុះក្នុងបឹងត្រពាំង    ក្ដៅរងារខ្លាំងឬយ៉ាងណា
ឈូកនៅតែរីកស្រស់អស្ចារ្យ    មិនចាញ់បុប្ផាផងទីទៃ។
បើទឹករឹតជ្រៅក្រអៅធំ          ផ្កាស្រស់ក្រពុំគាប់ដួងចៃ
ទាក់ទាញជនផងទាំងប្រុសស្រី  ចាប់ចិត្ដមេត្រីមិនរសាយ។
ដើមឈូកននៀលក្នុងបឹងភក  ជួនជាប់ស្រម៉កស្លែស្រឡាយ
បីដូចទឹកចិត្ដគ្រប់អ្នកម្ដាយ  ក្រាញននៀលកាយដើម្បីកូន។
ដូចខណ:កូនមកតោងផ្ទៃ     ម្ដាយឈឺរីងរៃស្ទើរក្ស័យខ្លួន
ខាំមាត់ស៊ូទ្រាំដើម្បីកូន       ចង់ឲ្យបានបុត្រស្ងួនបានកក់ក្ដៅ។
ទម្រាំកូនឆ្លងដល់គ្រប់ខែ      ទុក្ខព្រួយម្ដាយទ្វេរច្រើនពេកកូវ
ប៉ាន់ស្មានកំរិតប្រាប់មិនត្រូវ  ជូនកូនបាននូវក្ដីសុខសាន្ដ។
ផ្កាឈូកឆ្លងកាត់ច្រើនដំណាក់  ទោះទឹកជ្រៅរាក់លិចផុតប្រាណ
ទឹកចិត្ដម្ដាយថ្លៃផ្ទឹមពុំបាន   ស្វែងភាពថ្កើងថ្កានបានដល់កូន។
ពេលទឹកជន់ធំគុម្ពឈូកលិច ដូចម្ដាយស្ពាយវេចតោងសណ្ដូន
ប្រវេរប្រវ៉ា ឱបបុត្រស្ងួន         លើកកូនដាក់ក្បូនរកដីកោះ។
ផ្កាឈូកតំណាងចិត្ដតស៊ូ        ឥតមានរអ៊ូរស៊ូស្ម័គ្រស្មោះ
ដូចទឹកចិត្ដម្ដាយហ៊ានស្លាប់រស់  ពលីទាំងអស់ព្រោះបុត្រភ្ងារ។
ទោះក្នុងកាល:ទេស:ណា         ឈូកផ្កាគ្រប់សព្វទិនទិវា
មិនរារាំងស្ងួតក្ដៅរងារ            ផ្កាឈូកសោភាដូចចិត្ដម្ដាយ។
ធម្មជាតិផ្កាឈូករីករោយពិត  ទឹកចិត្ដម្ដាយមិនរោយរសាយ
បិទភ្នែកមិនជិតទោះជិតឆ្ងាយ  ព្រលឹងរៀងអាយខ្វាយខ្វល់កូន៕

~ និពន្ធដោយ សួង ដេវិដ ~

 

Share:  Add to Facebook Tweet This Add to Delicious Submit to Digg Stumble This

2008-2016 © Smaradey Khmer

Disclaimer: All contents of this website are for educational and referencing purposes. Some photos and videos may be taken from elsewhere. If you are the respective owner and would like to receive credit for your works, or have your works removed, please contact our admin: kumnett@gmail.com