Preserving & Enhancing Khmer Values and Pride...

វចនានុក្រមខ្មែរ
អត្ថន័យរបស់ពាក្យ​ មានប្រើប្រាស់នៅក្នុងអត្ថន័យ

ប្រពៃណីប្រជុំបិណ្ឌ

អត្ថន័យ ប្រពៃណីប្រជុំបិណ្ឌ និង ការបោះបាយបិណ្ឌ

១) ការប្រកាន់ជំនឿ នៅសម័យមុនព្រហ្មញ្ញសាសនានិងពុទ្ធសាសនា ចូលមកដល់៖

កាលដើមឡើយ ពលរដ្ឋទូទៅ នៅទឹកដីខ្មែរ បានប្រកាន់យក ជំនឿដ៏ធំមួយ ហៅថា ជំនឿវិញ្ញាណនិយម ឬ ជំនឿអារក្សអ្នកតា (Animism) គឺការប្រកាន់យកជំនឿ ទៅលើវិញ្ញាណក្ខន្ខ័ សក្តិសិទ្ធិ រក្សាទឹកដីព្រៃភ្នំ និងជីវិតមនុស្សសត្វ។ នៅក្នុងជំនឿនេះ គ្មានព្រះអាទិទេព ឬ ព្រះពុទ្ធទេ មានតែវិញ្ញាណក្ខ័ន្ធសក្តិសិទ្ធិ រក្សាលោក ដូចជា៖

ក. អ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅអាស្រ័យព្រៃភ្នំ ជាជម្រក)
ខ. អារក្ស (អ្នករក្សាទឹក និងសត្វ ដែលរស់នៅ អាស្រ័យទឹក ជាជម្រក)
គ. មេមត់ (អ្នករក្សាវិន័យ និងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ)
ឃ. ព្រះភូមិ (អ្នករក្សាដីភូមិ ចំការដំណាំ)
ង. ជំនាងផ្ទះ (អ្នករក្សាការពារ លំនៅស្ថាន)
ច. ម្រេញគង្វាល (អ្នករក្សាកុមារ និងជនដែល មិនអាច ជួយខ្លួនឯងបាន ដូចជាអ្នកពិការ និងចាស់ជរា) ជាដើម ។ល។
ឆ. កូនក្រក (អ្នករក្សាសព្វសត្វដែលបម្រើប្រយោជន៍គ្រួសារ ដួចជា សេះ គោ ក្របី ដំរី ឆ្កែឆ្មា ជាដើម)

ចំណែកវិញ្ញាណ ដែលបំផ្លាញលោក នៅក្នុងជំនឿវិញ្ញាណនិយម មាន៖
ក. មេធ្មប់ (ជា យមរាជ ឬជា ស្តេចនៃព្រលឹងសៅម៉ាន ទាំងឡាយ)
ខ. ព្រាយ ពពួកជញ្ជក់ឈាមអ្នកដទៃ
គ. អាប ពពួកមានតែក្បាលនិងក្រពះ ដែលតំណាង សេចក្តីលោភលន់ ឥតប្រមាណ
ឃ. ប្រេត គឺជា វិញ្ញាណ ខ្មោចអបាយភូមិ (ជាព្រលឹងរបស់មនុស្ស ដែលប្រព្រឹត្តតែសេចក្តីវិនាស និង ព្រលឹងបុគ្គល ដែលចាំតែ ទារស៊ីតែម៉្យាង)

ក្រោយមក បន្ទាប់ពីមាន ការឆ្លងវប្បធម៌ ពីប្រទេសឥណ្ឌា ប្រទេសខ្មែរបានទទួល ឥទ្ធិពល នូវជំនឿថា មានយក្ស មានបិសាច ថែមទៅលើជំនឿ វិញ្ញាណនិយម នេះទៀតដែរ។

២) ពិធីសែនព្រែនវិញ្ញាណសក្តិសិទ្ធិ៖

ពិធីសែនព្រេនវិញ្ញាណសក្តិសិទ្ធិ មានច្រើនប្រភេទ ដូចជា ពិធីហោមរោង ពិធីថ្វាយបង្គំគ្រូ ពិធីចារយ័ន្ត ពិធីបណ្តេញបិសាច ពិធីរំលឹកគុណ ពិធីរំដោះគ្រោះ ពិធីតម្លើងរាសី ពិធីឡើងផ្ទះ ពិធីឧបកិច្ចនានា ពិធីរៀបការ ពិធីបញ្ចុះសព ។ល។ នៅក្នុងពិធីនិមួយៗ គេតែងតែធ្វើការ គោរពសែនព្រេន ដោយមានយក ភោគទ្រព្យអាករ ភស្តុភារ នានា ដែលជា សម្បត្តិដែលអ្នកស្រុក រកទុកដាក់ជា ទ្រព្យផ្ទាល់ខ្លួន យកមកដាក់សែន ថ្វាយវិញ្ញាណបារមី សក្តិសិទ្ធិ ដែលធ្លាប់បាន ជួយអោយគេ បានថ្កុំថ្កើងរស់នៅ សុខសប្បាយ។ រីឯភស្តុភារ ដែលគេយកមកសែន មានរួមទាំងសត្វព្រៃ និង សត្វចិញ្ចឹម (មានដូចជា ជ្រូកព្រៃ គោ ជ្រូក មាន់ទា ។ល។ ) មានការប្រមូល ភោគផលផ្លែឈើ ព្រមទាំងមានការធ្វើនំចំណី និង អាហារវិសេសៗ ព្រមទាំង ការប្រមូលទ្រព្យល្អៗ មកតម្រៀប ដាក់សែនព្រេន នៅពេលមាន ពិធីពិសេសៗ ដូច្នេះ ម្តងៗ។

នៅក្នុងចំណោម នំចំណីភស្តុភារ ដែលសម្រាប់ ដាក់សែនព្រេន ទាំងឡាយនោះ មានវត្ថុវិសេស ដែលគេត្រូវការជាងគេ បាត់មិនបាន គឺ ការកាប់សត្វ យកមកសែន និង ការវេចនំអន្សម សម្រាប់ដាក់អម សត្វដែលគេចំអិន យកមកដាក់សែនព្រេន មានគោជ្រូកមាន់ទា ជាពិសេស នៅពេលគេរៀបចំ ប្រារព្ធពិធី បុណ្យរំលឹកគុណ និង គោរពវិញ្ញាណក្ខ័ន្ធរបស់ដូនតា។ ការវេចនំអន្សមនេះ ជាដំណើរ សក្ខីភាព នៃការសំបូរសប្បាយ របស់អ្នកស្រុក គឺបរិបូណ៍ ដោយផលស្រូវ សណ្តែក ដូង ចេក សាច់សត្វ ជាដើម។

៣) ប្រពៃណីនៃការវេចនំអន្សម៖

ពាក្យថា អន្សមនេះ គឺជាពាក្យក្លាយមកពីពាក្យដើម ថា នំសន្សំ គឺមានន័យថា ជានំតំណាងភោគផល បរិបូណ៌ ដែលពលរដ្ឋ បានធ្វើការងារស្រែចំការ សន្សំទុកនូវភោគផលនេះ សម្រាប់ ដោះស្រាយ ការរស់នៅ មិនអោយមាន ការខើចអត្តខាត់ ក្នុងគ្រួសារនិមួយៗ ជាពិសេស នៅរដូវរាំងស្ងួត ឬនៅពេល ស្រុកទេសមាន សង្គ្រាមទុរភិក្សអន្តរាយ។

នៅជំនាន់ដើម ខ្មែរយើងមាន បែងចែក ការវេចនំអន្សម ជាពីរបែប ហៅថា អន្សមញី និង អន្សមឈ្មោល។ គេវេចនំអន្សមញី ដោយការខ្ចប់ អង្ករដំណើបជាមួយចេកទុំ ធ្វើជាស្នូល មូររុំហើយ បត់សន្លឹកចេក នៅក្បាលនំអន្សម ទាំងសងខាង តែមួយផ្នត់ រួចដាក់ផ្អោបផ្គួបពីរនំ ចងមូរភ្ជាប់គ្នា អោយជាប់ល្អ ទើបយកទៅដាក់ស្ងោរក្នុងថ្លាងធំ។ ចំណែក ការវេចនំអន្សមឈ្មោលវិញ មានដាក់សណ្តែកបាយ និងសាច់ជ្រូកប្រឡាក់ប្រៃ ដាក់ជាស្នូល មូលរុំនឹងស្លឹកចេកយ៉ាងក្រាស់ ធំៗជាងនំអន្សមញី រួចហើយ គេបត់ស្លឹកចេក នៅក្បាលនំអន្សម ទាំងសងខាង ក្បាលនំម្ខាងមានពីរផ្នត់ រួចហើយរុំខ្សែព្រាល ចងអោយណែនតឹង ទោលតែឯង មិនមានផ្គួបជាមួយអន្សមណាទេ។ ដោយសារការវេចនំ អន្សមឈ្មោលញី បែបខុសគ្នានេះហើយ ទើបអាចអោយគេ ចំណាំនំអន្សមបាន យ៉ាងងាយថា មួយណាញី មួយណាឈ្មោល ក្នុងលក្ខណៈជាភេទ ខុសគ្នា តាមរូបរាង គឺអន្សមញី មានរសផ្អែម មានស្នូលចេកទុំនិងគ្រាប់សណ្តែកស្ងោរ ហើយមានរាងតូចខ្លី ហើយសំប៉ែត ដោយសារការច្របាច់ផ្គួប ចងអន្សមពីរ ផ្អោបចូលគ្នាតែមួយ។ ចំណែកអន្សមឈ្មោល តែងមានរសជាតិប្រៃ មានស្នូលសណ្តែកបាយ និងសាច់ជ្រូក មានរាងមូលធំ ហើយវែង ជួនកាលមានទម្ងន់ ដល់ទៅ ៥ ឬ ៦គីឡូក្រាម។

នៅសម័យដើម អ្នកស្រុកដែលរស់នៅតំបន់មាត់ស្ទឹង ឬអូរធំៗ គេច្រើនធ្វើនំអន្សម ដាក់តែអង្ករដំណើប និងអំបិលឡមៗ មិនដាក់ស្នូល ដាក់ខ្ទិះដូង ឬស្ករទេ ព្រោះគេចង់ទុក អោយបានយូរ រាប់ខែ មិនមានអោយផ្អូម ជាពិសេស នំអន្សមឈ្មោល។ គេច្រើនវេច អន្សមនេះ ចងជាចង្កោម ស្ងោរអោយឆ្អិន ពេលណា បរិភោគមិនអស់ គេអាចចងខ្សែ បោះអន្សម ទម្លាក់ទៅបាតស្ទឹង ឬបាតអូរជ្រៅ ដែលមានទឹកត្រជាក់ នោះនំអន្សម អាចរក្សារសជាតិយូរ មិនងាយផ្អូម។ នៅពេលណាមួយ ដែលគេនឹកភ្នក ចង់បរិភោគ អ្នកស្រុកនឹងទៅស្រាវ យកអន្សមមួយ កាត់យកមកស្ងោរ ហើយឆីដូច នំអន្សមធម្មតា វេចថ្មីៗដែរ។

ជាពិសេសទៅទៀត អ្នកស្រុកខ្មែរយើង ច្រើនធ្វើនំអន្សមរបៀបនេះ នៅក្នុងកាលយុគ ដែលប្រទេសជាតិ មានសង្គ្រាមទុរភិក្ស មានខ្មាំង ឬ ចោរប្លន់ច្រើន ពិបាករត់លូន គេចចំបាំង និងពិបាក ចេញចូល ដាំអាហារ លៀងគំលាន។ គេច្រើនធ្វើដើម្បីទុកជួយផ្គត់ផ្គង់ ទាហានដែលនៅក្នុង សមរភូមិចំបាំង ដោយភាពប្រញាប់អាសន្ន ព្រោះពុំមានពេល ដណ្តាំចំអិនអាហារ។

៤) ប្រពៃណីនៃការបោះបាយបិណ្ឌ និងការធ្វើនំអន្សមដាក់បិណ្ឌ ៖

ក្រោយពីប្រទេសខ្មែរ បានទទួលឥទ្ធិពលព្រះពុទ្ធសាសនា យ៉ាងគំហុក ពីប្រទេសឥណ្ឌា នៅជំនាន់សតវត្សរ៍ទី១១ (ក្រោមអធិបតីភាព នៃព្រះចៅគ្រងរាជ ជ័យវរ្ម័នទី៧) បូកផ្សំនិង ជំនឿវិញ្ញាណនិយម និង ជំនឿព្រាហ្មញ្ញសាសនា ដែលបានមកដល់ប្រទេសខ្មែរ តាំងពីជំនាន់ព្រះបាទ កោឌិណ្យជ័យវរ្ម័ន និង ព្រះនាងសោមាទេវី (ឬ ព្រះបាទហ៊ុនទៀន ព្រះនាងលីវយី ដែលជាឈ្មោះ ដែលពពួកឈ្មួញចិន បានដាក់អោយ ពេលចិនមកធ្វើជំនួញតាមសំពៅ នៅដែនដីជ្រោយសុវណ្ណភូមិ ) ពលរដ្ឋខ្មែរ បានបង្កើត ទំនៀមទម្លាប់ថ្មីមួយទៀត យ៉ាងប្រសើរក្រៃលែង គឺការប្រមូល មូលមុំនាំគ្នា ប្រារព្ធប្រជុំបិណ្ឌ នៅក្នុងទីវត្តអារាម ដែលភាគច្រើន ច្រើនសង់នៅកណ្តាលភូមិ ដើម្បីអោយអ្នកស្រុក ស្រួលដើរចេញចូល ព្រឹកល្ងាច ក្នុងការចែកចាយ នូវបុណ្យកុសល គឺផ្តល់នូវអំពើល្អ ចំពោះគ្នា ដើម្បីបង្កើន សេចក្តីសុខសន្តិមង្គលចម្រើនរុងរឿង ក្នុងចិត្ត ក្នុងគ្រួសារ និងក្នុងភូមិ ដែលខ្លួនគេរស់នៅ។ គោលការចំបង នៃការប្រារព្ធ ពិធីប្រជុំបិណ្ឌនេះ គឺធ្វើឡើង ដើម្បីរំលឹកនូវ កតញ្ញូតាធម៌របស់ខ្លួនគេម្នាក់ៗ ចំពោះលោកអ្នកមានគុណទាំងឡាយ ព្រមទាំងមាន ការចែករំលែកបុណ្យ គឺអំពើល្អ ដែលជាទាន ដល់បុគ្គលផងដទៃ ដែលជាមិត្តនិងញាតិសន្តានក្នុងភូមិ រួមទាំង អ្នកស្រុកអ្នកភូមិជិតខាង ដែលរស់នៅខើចខ្វះខាត ទាំងឡាយនោះផង។

នៅក្នុងពិធីប្រារព្ធ បុណ្យប្រជុំបិណ្ឌនេះ អ្នកស្រុកអ្នកភូមិ បានជ្រើសរើស នំអន្សម ជាអត្តសញ្ញាណ ប្រចាំការប្រារព្ធពិធីនេះ ជាបឋម ដោយមូលហេតុច្រើនប្រការ ដូចជា៖

. ទីមួយ តំណាងភោគផល ដែលខ្លួនខិតខំប្រឹងប្រែង សន្សែសន្សំរកបានមក គឺ អង្ករជាតំណាងផលស្រូវសណ្តែកបាយចេកដូងជាតំណាងផលដំណាំចំការ សាច់ជ្រូកជាតំណាងផល នៃសត្វចិញ្ចឹម (បែបជំនឿវិញ្ញាណនិយម)
. ទីពីរ ទឹកចិត្តព្រះម៉ែ គឺស្រូវអង្គរ ដែលបានជួយផ្គត់ផ្គង់ជីវិតរស់នៅ របស់ពួកគេ (បែបព្រះពុទ្ធសាសនា គឺការស្គាល់និងគោរពគុណម្តាយ)
. ទីបី ជាតំណាង ការបន្តពូជ បន្តជីវិត (ជាជំនឿបែបព្រាហ្មញ្ញសាសនា ដោយយកនំអន្សមជ្រូកជាតំណាងភេទប្រុស នំអន្សមចេក ជាតំណាងភេទស្រី។ ក្រោយមក យើងមាន ការរួមបញ្ចូលបន្ថែម មាន នំគម ជាតំណាងភេទស្រី នំធ្មៃជាតំណាងផែនដី ។ល។)
. ទីបួន ជាដាស់តឿនស្មារតីសាមគ្គីភាពដ៏មុតមាំ គ្មានរើសអើង ដោយបង្ហាញនូវទឹកចិត្តល្អ ចំពោះគ្នា ទៅវិញទៅមក មិនថានរណា ជានរណាឡើយ (បែបស្មារតីនយោបាយជាតិនិយម)
. ទីប្រាំ ជាគឺការប្រារពពិធីរំដោះចិត្ត អោយលោះចេញ នូវសេចក្តីបាប នៅក្នុងខ្លួន ដោយការខិតខំកសាងអំពើល្អ ចំពោះខ្លួនឯងផង ចំពោះក្រុមគ្រួសារផង និង ចំពោះអ្នកដទៃផង (បែបពុទ្ធនិយម)
បវេណីនៃការប្រារព្ធ បុណ្យប្រជុំបិណ្ឌនេះ គឺគេបានជ្រើសរើស ធ្វើនៅក្នុងកំឡុងពេល ដែលប្រជាពលរដ្ឋខ្មែរសម្រាកដៃ ទំនេរពីដកស្ទូង រង់ចាំស្រូវហុចផល ដើម្បីច្រូតកាត់។ នៅក្នុងបវេណី ប្រជុំបិណ្ឌនេះដែរ យើងឃើញមាន បវេណីដ៏សំខាន់មួយ ដែលខ្មែរយើងសព្វថ្ងៃ និយមជាងគេ គឺពិធីបោះបាយបិណ្ឌ ដើម្បីរំលោះចិត្តបាបនិងចិត្តអកុសល ដោយការធ្វើបុណ្យ ចំពោះប្រេត អោយប្រេតបានស្គាល់ នូវបុណ្យកុសលនេះហើយ បានបែរមកលះចិត្ត លះជីវិត ជាប្រេត ដើម្បីទទួលកុសល បានទៅចាប់ជាតិ ជាមនុស្សប្រសើរនឹងគេរិញ។

តើប្រេតនេះជានរណា?

នៅក្នុងជំនឿវិញ្ញាណនិយម ប្រេត គឺជា វិញ្ញាណ នៃ ខ្មោចតៃហោង ខ្មោចអនាថា និង ខ្មោចអបាយភូមិ (ជាព្រលឹងរបស់មនុស្ស ដែលប្រព្រឹត្តតែសេចក្តីវិនាស)។ នៅក្នុងសង្គមមនុស្សជាទូទៅ បុគ្គលទាំងឡាយ ដែលប្រព្រឹត្តនូវសេចក្តីវិនាស រមែងត្រូវគេកត់សំគាល់ ថាជាបុគ្គល ដែលមាន វិញ្ញាណប្រេត គ្រប់គ្រងសណ្ឋិត។ ក្រោយមក គេកត់សំគាល់ បុគ្គលទាំងនេះ ដោយការនិយាយកាត់ខ្លីៗ ហៅថា ប្រេតរស់។ ពពួកប្រេតរស់នេះ គេមានសំដៅ ទៅដល់ជនដែលប្រព្រឹត្តតែសេចក្តីវិនាស មានដូចជា ពពួកចោរ ពួកជនបោក ជនពាលាអាវាសែ ប្រព្រឹត្តខ្លួនខុសហើយ ត្រូវគេកំចាត់កំចាយ មិនអោយចូលភូមិ ឬ ជាមនុស្សអនាថា ខ្ចាត់ព្រាត់គ្មានទីពឹង ហើយដែលមិនចង់ធ្វើអ្វី អោយប្រសើរ ក្រៅពីការទារស៊ី តែម៉្យាង។

ហេតុអីគេបោះបាយបិណ្ឌ តែពេលងងិតមុនថ្ងៃរះ? អ្នកស្រុកជ្រើសរើសពេលនេះ ដោយមូលហេតុច្រើនយ៉ាង ដូចជា ៖
. មិនអោយអ្នកធ្វើបុណ្យ មានការរើសអើងមុខមាត់ អ្នកដែលមកទទួលបុណ្យ
. មិនអោយប្រេតភ័យខ្លួន មិនហ៊ានបង្ហាញមុខ មកទទួលបុណ្យ
. អោយប្រេតមានឱកាសមកទទួលបុណ្យហើយ អាចត្រឡប់ទៅវិញ ចែកបុណ្យដល់កូនចៅក្រុមគ្រួសារ មុនថ្ងៃរះ។ លុះដល់ពេល ថ្ងៃរះឡើងហើយ ប្រេតដែលបានទទួលបុណ្យ គ្រប់ៗគ្នា ក៏បានទទួលនូវ ទឹកចិត្តជ្រះថ្លា ដោយបុណ្យ ឈប់វិលត្រឡប់ ទៅរកជីវិតប្រេតតទៅទៀត រួចក៏នាំគ្នាទៅចូលរួមសាងអំពើល្អ កែខ្លួនជាមនុស្សល្អ រស់នៅជាមនុស្សល្អនឹងគេ ឡើងវិញ្ ដោយសុខមង្គល។
តើគេប្រារព្ធ ការបោះបាយបិណ្ឌដោយរបៀប យ៉ាងម៉េចខ្លះ?

គេប្រារព្ធពិធីបោះបាយបិណ្ឌ ដោយយក កន្ទេលទៅក្រាល នៅជុំវិញរបងវត្ត ៨ទិស ហើយមានដាក់តម្រៀបខ្ទះធំៗ ឬ កន្តាំង កញ្ជើ ល្អី ដើម្បីអោយអ្នកបុណ្យ ធ្វើការចែកទាន ទៅតាមសទ្ធា ដោយមាន បោះ នំអន្សម នំបត់ នំធ្មៃ ពំនូតបាយ ឬ អាហារគោក ផ្សេងៗ ចូលទៅក្នុងខ្ទះ កញ្ជើ ល្អី កន្តាំង ដែលតម្រៀបជាជួរទាំងនោះ។ ធ្វើបែបនេះ គឺដើម្បី ងាយស្រួល អោយប្រេត អាចលូកចាប់បាន ដោយដៃ កើបយកទៅផ្ទះ ចែកក្រុមគ្រួសារផង ហើយមានរបៀប មិនកំពប់ចោលទទេៗផង។ ម៉្យាងទៀត គេក្រាលកន្ទេលពីក្រោម កញ្ជើកន្ទាំងទាំងនោះ គឺសម្រាប់ទុកត្រងអាហារកំពប់ ដើម្បីទុកចែក ឆ្កែឆ្មាអនាថា អោយបានឆីព្រមផង ដោយពុំមានការប្រមាថធ្វេស អោយសត្វនាំគ្នា ឆីអាហារពីដី ដូចថ្ងៃធម្មតាៗដទៃទៀតឡើយ ព្រោះ ថ្ងៃនេះ គឺជាថ្ងៃតំកើងរាសី របស់មនុស្សគ្រប់គ្នា រួមទាំងសត្វទាំងឡាយ ដែលបម្រើគ្រួសារក្នុងភូមិផង។ អ្នកស្រុកទាំងឡាយមានជំនឿថា គេមិនត្រូវអោយ កំពប់បាយមួយគ្រាប់ ចោលទៅដីទេ ព្រោះជាភស្តុតាង នៃការមើលងាយព្រះម៉ែ ដែលនាំអោយអាប់រាសីកូនចៅ។

នេះគ្រាន់តែជាបំណែកជ្រុងមួយ ក្នុងបវេណីអត្តសញ្ញាណ ដ៏ប្រសើររបស់ខ្មែរយើង ដែលយើងគប្បីសិក្សា ពង្រីកស្មារតីគំនិតបញ្ញា និងចំណេះដឹង អោយបានកាន់តែ ទូលាយ ប្រសើរឡើង គ្រប់ៗគ្នា។

(នៅមានត)

អ្នកស្រី កែវ ច័ន្ទបូរណ៍

ប្រភពដើម៖ ChanboKeo.com

 

Share:  Add to Facebook Tweet This Add to Delicious Submit to Digg Stumble This

2008-2016 © Smaradey Khmer

Disclaimer: All contents of this website are for educational and referencing purposes. Some photos and videos may be taken from elsewhere. If you are the respective owner and would like to receive credit for your works, or have your works removed, please contact our admin: kumnett@gmail.com